ក្រោយពីកម្ពុជារកឃេីញជំងឺកូវីដ-១៩ ថ្មីចំនួន១៥នាក់ទៀត សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវឲ្យពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ដអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវរក្សាសុខភាពឲ្យបានកុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះមិនទាន់ថ្នាំព្យាបាលនៅឡេីយទេ។
យោងតាម គេហទំព័រ ហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០ បានបញ្ជាក់ថា "សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ ឲ្យសោះ"។
សម្ដេចតេជោ បន្ដថាថ្មីៗនេះកម្ពុជាមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុងប្រទេសគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្ដេចតេជោ ផ្ដាំផ្ញេីប្រជាពលរដ្ឋកុំធ្វេសប្រហែសឲ្យសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវ និងបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សម្ដេចតេជោ បន្ថែមថា ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិឲ្យបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់៕EB